ចម្លើយសារភាពបឋម៖ ករណីឃាតកម្មលើព្រះសង្ឃមួយអង្គ នៅស្រុកព្រៃនប់ ដោយសារតែមូលហេតុ

 សង្គម
 2 ថ្ងៃមុន
 65

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បំភ្លឺព័ត៌មានជុំវិញករណីឃាតកម្មលើព្រះសង្ឃមួយអង្គ នៅស្រុកព្រៃនប់ ដោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ក្នុងករណីឃាតកម្មដ៏សាហាវ ដែលបានកើតឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៦:០០នាទីព្រឹក នៅចំណុចវត្តពុទ្ធគីរីថ្មដា (ហៅវត្តថ្មដាក្រោម) ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ព្រះសង្ឃរងគ្រោះព្រះនាម សយ សំអៀន ព្រះជន្ម ២២ព្រះវស្សា ជាព្រះសង្ឃគង់នៅវត្តខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ហឿម សុភា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅទីតាំងកើតហេតុ ។

តាមការស្រាវជ្រាវបឋម ជនសង្ស័យត្រូវបានសង្ស័យថា បានប្រើកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់ រួចប្រើរទេះដឹកសាកសពទៅបរិវេណខាងក្រោយវត្ត និងយកសាំងមួយប៊ីដុងចំណុះ ៣០លីត្រ ដុតបំផ្លាញសាកសព ។

តាមចម្លើយសារភាពបឋម ជនសង្ស័យបានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពខាងលើមែន។ ចំពោះមូលហេតុបឋម គឺផ្ដើមចេញពីគំនុំរវាងជនសង្ស័យ និងជនរងគ្រោះ ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងពាក់ព័ន្ធ ត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមបញ្ជាក់ថា ករណីនេះស្ថិតក្រោមការចាត់ការរបស់សមត្ថកិច្ចហើយ និងសូមអំពាវនាវដល់សាធារណជនកុំផ្សព្វផ្សាយព័ត៌មានដែលមិនទាន់មានការបញ្ជាក់ច្បាស់លាស់ ដើម្បីជៀសវាងការយល់ច្រឡំ និងសូមតាមដានព័ត៌មានពីប្រភពផ្លូវការ៕

អត្ថបទដោយ៖ kloem-news