ពិធីបំពាក់ឋានន្តរសក្តិ និងប្រកាសមុខតំណែងផ្លាស់ប្តូរមុខងារ ជូននាយទាហាន នាយទាហានរង កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣

 សង្គម
 ២៨ កក្កដា ២០២៦
 65

ព្រះវិហារ៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែងផ្លាស់ប្តូរមុខងារ និង បំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរង កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ ។

ថ្លែងក្នុងឱកាសនាកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងទិសដៅបន្ត ឯកឧត្តម មេបញ្ជាការ ក៏មានមតិសំណេះសំណាលនិងសម្ដែងការចូលរួមអបអរសាទរជាមួយនឹង នាយទាហាន ទាហានរង ដែលទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ បានដំឡើងឋានន្តរសក្តិ និងប្រគល់ភារកិច្ចថ្មី ដែលស័ក្តិសម សមត្ថភាព លក្ខណៈសម្បត្តិ គុណបំណាច់ និងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នារយៈកាលកន្លងមក ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានផ្ដាំផ្ញើដល់យោធិនទាំងអស់ សូមបន្តការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងសាមគ្គីគ្នានិងបន្តអនុវត្តភារកិច្ចតាមជំនាញរៀងៗខ្លួនបន្ថែមពីនោះក៏ត្រូវគោរពឱ្យបានដាច់ខាតនូវវិន័យសណ្ដាប់ធ្នាប់ ច្បាប់លក្ខន្តិកៈ ទូទៅរបស់កងយោធពលខេមរភូមិន្ទ។

អត្ថបទដោយ៖ kloem-news