ឯកឧត្តម ប៉ែន បូណា៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលជាក្តីសង្ឃឹមនិងជាកម្លាំងចិត្តសម្រាប់ការសិក្សារបស់យុវជន
អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត មុំទី១ផ្តោតលើការអភិវឌ្ឍមូលធនមនុស្សដែលផ្តល់ប្រយោជន៍ដល់យុវជនទាំងអស់គ្នា។ ក្នុងគោលនយោបាយអាទិភាព៦ចំណុច ក៏មាននិយាយពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃដល់យុវជនដែលគ្មានលទ្ធភាពបន្តការសិក្សាទៅសាកលវិទ្យាល័យ។
លើសពីនេះ រាជរដ្ឋាភិបាលក៏មានកម្មវិធីជាតិជំនួយសង្គមដែលផ្តល់ការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ កុមារក្រោមអាយុ២ឆ្នាំ ផ្តល់អាហារូបករណ៍ដល់កុមារក្រីក្រនៅថ្នាក់បឋមនិងមធ្យមសិក្សា និងឧបត្ថម្ភដល់ចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង មានន័យថា រាជរដ្ឋាភិបាលគាំពារដល់ប្រជាពលរដ្ឋចាប់តាំងពីចាប់កំណើតរហូតដល់ចាស់ជរា។ គោលនយោបាយនេះផ្តល់ក្តីសង្ឃឹមដល់អនាគតរបស់យុវជនគ្រប់រូប។ ដូច្នេះ ក្រៅពីការសិក្សានិងស្រាវជ្រាវអំពីចំណេះជំនាញផ្សេងៗដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ក្មួយៗជាយុវជនក៏ត្រូវឈ្វេងយល់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ពីព្រោះវាជាក្តីសង្ឃឹម និងជាកម្លាំងចលករជំរុញទឹកចិត្តឱ្យយើងស្រឡាញ់ការសិក្សាដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាមូលធនមនុស្សសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា។
ទន្ទឹមនឹងការផ្តល់ក្តីសង្ឃឹមដល់និស្សិតតាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានចែករម្លែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងនាមជារៀមច្បងដែលកើតក្នុងសម័យសង្គ្រាមនិងដែលបានហែលឆ្លងកាត់របបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹតដើម្បីផ្តល់កម្លាំងចិត្តដល់យុវជនជំនាន់ក្រោយផងដែរ។ បើតាមឯកឧត្តម ប៉ែន បូណា យុវជនជំនាន់មុនបាត់បង់ឱកាសស្ទើរទាំងស្រុងសម្រាប់ការសិក្សា ប៉ុន្តែ ដោយសារកិច្ចខិតខំប្រឹងប្រែង និងការតស៊ូ ព្យាយាមប្រកបដោយការតាំងចិត្តយ៉ាងមោះមុតទើបមានឱកាសឈរជើងក្នុងសង្គមដូចថ្ងៃនេះ។
ដូច្នេះ យុវជនដែលកើតក្នុងសម័យសន្តិភាព និងសម្បូរសប្បាយដូចសព្វថ្ងៃ មានឱកាសគ្រប់យ៉ាងដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាបញ្ញវន្តជាន់ខ្ពស់នាពេលអនាគត ប្រសិនបើពួកគេខិតខំស្រវាស្រទេញក្នុងការសិក្សារៀនសូត្រនិងសម្រួចខ្លួនឱ្យក្លាយជាមូលធនមនុស្សដ៏លេចធ្លោស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕ អត្ថបទដោយ៖ kloem-news