ឯកឧត្តម កែវ រ៉េមី អញ្ជើញជាអធិបតីក្នុង ពិធីប្រគល់តារាងបាល់ទះនិងបាល់ទាត់ ជូនសាលាបឋមសិក្សាព្រះផុស ឃុំព្រះផុស

 សង្គម
 5 ថ្ងៃមុន
 154
ស្រុកគាស់ក្រឡ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់តារាងបាល់ទះនិងបាល់ទាត់ ជូនសាលាបឋមសិក្សាព្រះផុស នៅក្នុងបរិវេណសាលាបឋមសិក្សាព្រះផុស ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ, ថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រុមមេធាវីស្ម័គ្រចិត្ត គ.ស.ម.ក. ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលជាកីឡាករបាល់ទះផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងនោះឱ្យខិតខំរៀនសូត្រ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រើអំពើហិង្សា បងតូចបងធំ។ ឯកឧត្តមបានបន្តទៀតថា កីឡានាំឱ្យក្មួយៗមានសុខភាពល្អ ហើយក្មួយៗត្រូវខិតខំហ្វឹកហាត់ជាប្រចាំ ដើម្បីប្រកួតជាមួយក្រុមផ្សេងៗ ក្នុងឃុំ និងបន្តទៅប្រកួតជាមួយស្រុកផ្សេងទៀតផងដែរ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ដោយផ្តើមចេញពីឃុំព្រះផុស នឹងបន្តពង្រីកក្រុមកីឡាករនេះទៅឃុំផ្សេងទៀតនិងទូទាំងស្រុក។ ឯកឧត្តមគណៈអធិបតីក៍បានប្រគល់ជូនបាល់ទះចំនួន ២ និងថវិកាមួយចំនួន ផងដែរ៕

អត្ថបទដោយ៖ kloem-news