សេចក្ដីប្រកាសព័ត៍មាន៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក (USARPAC) នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅទីបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលឯកឧត្តមមេបញ្ជាការទាំងពីរនឹង ពិភាក្សាស៊ីជម្រៅ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធាសំដៅកសាងទំនុកចិត្ត និងការជឿជាក់ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ខ្លាក នៅពេលនេះ គឺស្របពេលខួប លើកទី៧៥ ទំនាក់ទំនងការទូតប្រទេសទាំងពីរ កម្ពុជា- សហរដ្ឋអាមេរិក ហើយក៏ជាលើកទី២ដែលមេបញ្ជាការ កងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក អញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា
ដែលលើក ទី១ គឺដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ វ៉ីនសេន ប៊ុ្រក (VINCENT BROOKS) នៅក្នុងឆ្នាំ២០១៤។ អត្ថបទដោយ៖ kloem-news