ឯកឧត្តម ប៉ែន បូណា៖ យុវជនជាវ័យដែលត្រូវប្រមូលចំណេះជំនាញដើម្បីសម្រួចខ្លួនក្លាយជាមូលធនមនុស្ស
ឯកឧត្តមបន្តទៀតថា ខុសពីយុវជនជំនាន់មុនដែលបាត់បង់ឱកាសដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ យុវជនជំនាន់នេះសម្បូរឱកាសណាស់ ដូច្នេះ ក្មួយៗត្រូវតែចាប់យកឱ្យបាន។ បើតាមឯកឧត្តម ប៉ែន បូណា ឱកាសដែលយុវជនយើងមានបច្ចុប្បន្នគឺ សុខសន្តិភាព ស្ថិរភាពនយោបាយ ការរីកលូតលាស់នៃបច្ចេកវិទ្យា មានសាលារៀន មានសម្ភារៈសិក្សា អាហារសម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធសង្គម ដែលជាអំណោយផលដល់ការសិក្សា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកអំពីការលំបាករបស់យុវជនជំនាន់មុនដោយលើកយកបទពិសោធផ្ទាល់ខ្លួនមកបញ្ជាក់ថា ក្នុងសម័យសង្គ្រាម ពិសេសរបបប៉ុល ពត កុមារមិនត្រឹមតែគ្មានសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានគេប្រើឱ្យធ្វើការហួសកម្លាំងដោយគ្មានអាហារគ្រប់គ្រាន់។ ក្រោយឆ្នាំ១៩៧៩ ការសិក្សាបានចាប់ផ្តើមក្នុងស្ថានភាពដ៏លំបាកលំបិនដោយខ្វះខាតគ្រប់បែបយ៉ាង។
បើតាមឯកឧត្តម ប៉ែន បូណា អ្នករៀនជំនាន់នោះប្រើធ្យូងចង្ក្រានបាយធ្វើជាដីសដោយសរសេរលើក្តាបន្ទះ ខណៈគ្រូសរសេរលើជញ្ជាំងព្រះវិហារឬជញ្ជាំងផ្ទះជាដើម។ ប៉ុន្តែ ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ប្រទេសយើងបានអភិវឌ្ឍហួសពីការរំពឹងទុក ដូចដែលយើងបានឃើញបច្ចុប្បន្ន។ ឯកឧត្តម ប៉ែន បូណា បន្តថា យុវជនជំនាន់មុន ថ្វីត្បិតតែគ្មានឱកាសច្រើនដូចបច្ចុប្បន្ន ប៉ុន្តែ ពួកគេខិតខំតស៊ូពុះពារគ្រប់បែបយ៉ាងដោយមានការតាំងចិត្តយ៉ាងមុតមាំក្នុងការរៀនសូត្រ។
ទាញចេញពីបទពិសោធទាំងនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានរំលេចឱ្យឃើញពីការផ្លាស់ប្តូររបស់ប្រទេសកម្ពុជាដូចមេឃនិងដី ដែលអនុញ្ញាតឱ្យយុវជនជំនាន់នេះរស់ក្នុងបរិយាកាសពោរពេញដោយឱកាសនិងអំណោយផល។ ក្នុងន័យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានផ្តាំផ្ញើឱ្យក្មួយៗនិស្សិតត្រូវតែចាប់យកឱកាសនេះឱ្យបាន ហើយធ្វើខ្លួនឱ្យទៅជាមូលធនមនុស្សដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់តាមការគ្រោងទុកដោយមោទនភាពរបស់រាជរដ្ឋាភិបាល៕
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg #ប៉ែនបូណា #penbona #សន្តិភាពនៅកម្ពុជា #peaceincambodia អត្ថបទដោយ៖ kloem-news