ឯកឧត្តម ប៉ែន បូណា៖ យុវជនត្រូវហាត់ពុតលត់ដំជាមួយការងារដើម្បីក្លាយខ្លួនជាមនុស្សពូកែនិងមានប្រយោជន៍
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា នៅពេលដែលអ្នកធ្វើការងារច្រើនជាងគេ មិនត្រូវគិតថា ហេតុអ្វីខ្លួនខិតខំធ្វើការច្រើនជាងគេ ហើយទទួលបានប្រាក់ខែដូចគេដែលធ្វើការតិចជាងនោះឡើយ ព្រោះនេះជាគំនិតមិនជឿនលឿន និងរារាំងការលូតលាស់ និងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯង។ ផ្ទុយទៅវិញ ក្មួយៗត្រូវគិតថា យើងមានការងារធ្វើច្រើន មានន័យថា យើងជាមនុស្សមានប្រយោជន៍ និងមានសមត្ថភាពទើបថ្នាក់ដឹកនាំប្រគល់ការងារឲ្យច្រើន។ នេះជាអ្វីដែលយើងត្រូវសប្បាយចិត្ត ពីព្រោះកន្លែងធ្វើការណាក៏ដោយ ក៏គេត្រូវការមនុស្សដែលមានប្រយោជន៍ដែរ។
ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្ដីពី «ជំនាញសម្របសម្រួលកម្មវិធី» នៅសាលសេរីភាព នៃអគារទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដោយមានលោកបណ្ឌិត ប្រាក់ សម្ផស្ស សាស្ត្រាចារ្យនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ជាគ្រូឧទ្ទេសនៅក្នុងវគ្គបណ្តុះបណ្តាលនេះ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ) បានរៀបរាប់ថា អ.អ.រ បានយកចិត្តទុកដាក់លើការរៀបចំកម្មវិធីបណ្ដុះបណ្ដាលផ្ទៃក្នុងសម្រាប់ថ្នាក់ដឹងនាំ ក្រុមជំនួយការ និងមន្ត្រីរាជការ ដើម្បីឱ្យការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍការងារបានមួយកម្រិតទៀត ទាំងជំនាញទន់ និងជំនាញរឹង។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីសង្ឃឹមថា សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងអាចយល់ដឹងពីជំនាញសម្របសម្រួល និងចំណេះជំនាញថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការការងារប្រចាំថ្ងៃរបស់អង្គភាពបាន។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់លោកគ្រូឧទ្ទេសនាម ប្រាក់ សម្ផស្ស សាស្ត្រាចារ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលបានចំណាយពេលវេលាពេញមួយថ្ងៃ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធ មកបង្ហាត់បង្រៀនពីរបៀបសម្របសម្រួលនៅក្នុងវគ្គបណ្តុះបណ្តាលនេះ៕
អត្ថបទដោយ៖ kloem-news