សម្តេចតេជោ ហ៊ុន សែន រំលឹកសារចំនួន៣ ក្រោយមេដឹកនាំខ្មែរក្រហមទទួលទានអាហារនៅផ្ទះសម្តេច កាលពី២៦ឆ្នាំមុន
សំណេរ តាមហ្វេសបុក និងតេលេក្រាម ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នំា២០២៤នេះ ចំនឹងថ្ងៃអបអរសាទរខួប២៦ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងខួប ១ឆ្នាំនៃ«ទិវាសន្តិភាពនៅកម្ពុជា» សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា« ២៦ឆ្នាំមុន ថ្ងៃនេះ ២៩ធ្នូ ១៩៩៨ មេដឹកនាំខ្មែរក្រហមរួមមានខៀវ សំផន, នួន ជា, អៀង សារី និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត បានមកទទួលទានអាហារនៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។
សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា« ខ្ញុំសម្រេចទទួល ខៀវ សំផន, នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅដោយចង់ផ្ញើសារ៣ ចេញទៅកាន់៖
១.ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់ សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំ របស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។
២.ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថា សង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។
៣.ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ សូមមកវិនិយោគនិងមកទេសចរណ៍នៅកម្ពុជា ព្រោះកម្ពុជាមានសន្តិភាពពេញលេញហើយ។
នេះជាសារចុងក្រោយនៃការអនុវត្តនយោបាយឈ្នះ ឈ្នះ»(ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព)»៕
អត្ថបទដោយ៖ kloem-news