ឯកឧត្តម ប៉ែន បូណា៖ ដើម្បីក្លាយជាមូលធនមនុស្ស យុវជនត្រូវរៀនឱ្យលើសពីចេះ

 សង្គម
 ២៨ វិច្ឆិកា ២០២៤
 48
នាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាឱកាសអញ្ជើញធ្វើបាឋកថា ចំពោះមុខនិស្សិតសាកលវិទ្យាល័យកម្ពុជា (UC) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អ៊ី រតនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យកម្ពុជា ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីសាស្រ្តាចារ្យ សមណនិស្សិត និងនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ប្រមាណជិត ២០០ អង្គ/នាក់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា «ដើម្បីក្លាយខ្លួនជាមូលធនមនុស្សពិតប្រាកដ អ្វីដែលក្មួយៗនិស្សិតត្រូវចងចាំ គឺត្រូវរៀនឱ្យលើសពីចេះ រហូតក្លាយជាអ្នកដែលមានពេទកោសល្យខ្ពស់ ជាមនុស្សពូកែនិងប៉ិនប្រសប់» ដូចសុភាសិតមួយពោលថា «ចេះ១០ មិនស្មើប្រសប់មួយ»។ ឯកឧត្តម ប៉ែន បូណា បន្តថា ដូច្នេះ រៀនគ្រាន់តែចេះមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែយុវជនគ្រប់រូបត្រូវយកចំណេះដឹងរបស់ខ្លួន ផ្គួបផ្សំជាមួយទេពកោសល្យ និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ដើម្បីរកឱ្យឃើញភាពលេចធ្លោមួយដែលអ្នកដទៃមិនអាចធ្វើដូច ឬពិបាកធ្វើដូច។ ឯកឧត្តមបន្ថែមថា «បន្ថែមពីលើភាពប៉ិនប្រសប់និងលេចធ្លោ មូលធនមនុស្សត្រូវមានសីលធម៌ល្អ ចេះចុះសម្រុងក្នុងសង្គមនិងជាមួយអ្នកនៅជុំវិញខ្លួន និងចុងក្រោយ គឺជាមនុស្សដែលមានសុខភាពល្អ កម្លាំងពលំមាំមួន និងប្រាជ្ញាស្មារតីវៀងវៃ ដែលជាគោលដៅពិតប្រាកដរបស់រាជរដ្ឋាភិបាល»។ នេះជាការទាញចំណាប់អារម្មណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។ បើតាមឯកឧត្តម ប៉ែន បូណា ដើម្បីធ្វើបែបនេះបាន ត្រូវមានកត្តាសំខាន់ពីរ៖ ទី១. គឺបរិយាកាសអំណោយផលដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល និងទី២. គឺកិច្ចខិតខំដោយខ្លួនឯង។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបានផ្តល់ជូននូវភាពអំណោយផលគ្រប់បែបយ៉ាង ដូចជា សុខសន្តិភាព មានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ពិសេស គឺសាលារៀននិងសាកលវិទ្យាល័យមាននៅគ្រប់ទិសទី។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានបណ្តុះបណ្តាលគ្រូ សាស្ត្រាចារ្យប្រកបដោយគុណភាព ដើម្បីបណ្តុះបណ្តាលបន្ត។ ដូច្នេះ អ្វីដែលនៅសេសសល់ គឺកិច្ចខិតខំដោយខ្លួនឯងដើម្បីក្លាយខ្លួនជាមូលធនមនុស្សពិតប្រាកដ។ ឯកឧត្តមបណ្ឌិត អ៊ី រតនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យកម្ពុជា ថ្លែងស្វាគមន៍ឯកឧត្តម ប៉ែន បូណា ដែលបានចំណាយពេលវេលាមមាញឹក ផ្តល់បាឋកថា ដល់និស្សិតនិងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យកម្ពុជា ក្រោមប្រធានបទ «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»។ ឯកឧត្តមបណ្ឌិត បន្តថា សាកលវិទ្យាល័យកម្ពុជា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគាំទ្រគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕    

អត្ថបទដោយ៖ kloem-news