សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (AI) ឆ្នាំ២០២៦៖ ផែនការចិនសម្រាប់អភិបាលកិច្ច AI សកល និងកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍសកល


ជាការគិតគូរប្រកបដោយចក្ខុវិស័យគរុសភាដែលយល់ថា បញ្ញាសិប្បនិម្មិត(AI)មានលក្ខណៈជា«ដាវមុខពីរ» ដោយអាចបង្កើតទាំងកាលានុវត្តភាព និង ទាំងហានិភ័យ ប្រសិនបើខ្វះការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ទើបសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (World Artificial Intelligence Conference - WAIC) ឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់ខ្ពស់ស្តីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត ត្រូវបានប្រារព្ធធ្វើនៅទីក្រុងសៀងហៃ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយនឹងអាចក្លាយជាវេទិកាអន្តរជាតិដ៏សំខាន់មួយ សម្រាប់ពិភាក្សាអំពីអនាគតនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលអាចធានាថា AIនឹងអភិវឌ្ឍទៅក្នុងទិសដៅប្រកបដោយសុវត្ថិភាព យុត្តិធម៌ និងផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិទាំងមូល។
ជាសច្ចភាព បញ្ញាសិប្បនិម្មិតគឺជាកម្លាំងជំរុញដ៏សំខាន់នៃបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងយុគសម័យថ្មីដែលតាមរយៈប្រទេសចិននឹងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងអរិយធម៌របស់មនុស្សជាតិ ដោយការកសាងអភិបាលកិច្ចAIសកលដែលផ្អែកលើកិច្ចសហប្រតិបត្តិការ ការបើកចំហ និងផលប្រយោជន៍រួម។ ការណ៍នេះវាបាននិងកំពុងក្លាយជាគោលគំនិតយុទ្ធសាស្ត្រសម្រាប់សហគមន៍អន្តរជាតិ ដោយប្រទេសចិនតែងផ្តោតលើ «AIដើម្បីមនុស្សជាតិ» ដែលនឹងផ្តល់នូវទិសដៅថ្មីសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាសកល។ ប្រទេសចិនបានចែករំលែកដោយផ្តល់សញ្ញាច្បាស់លាស់ថាជំនួសឱ្យការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា នោះAIគួរតែត្រូវបានចែករំលែកជាសមិទ្ធផលសាធារណៈ ដែលអាចឱ្យប្រទេសទាំងអស់ទទួលបានអត្ថប្រយោជន៍ ។ គោលនយោបាយលើកកម្ពស់ការអភិវឌ្ឍ
ប្រព័ន្ធបើកចំហប្រភព ការចែករំលែកបទពិសោធន៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងការជួយកសាងសមត្ថភាពដល់ប្រទេសកំពុងអភិវឌ្ឍន៍ នឹងពិតជាអាចរួមចំណែកកាត់បន្ថយគម្លាតបច្ចេកវិទ្យារវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍ។
ជាការរួមចំណែកចែកផលប្រយោជន៍ដល់មនុស្សជាតិ ប្រទេសចិនតែងបានរួមចំណែកដល់បណ្តាប្រទេសទាំងអស់ ជាពិសេសបណ្តាប្រទេសសកលខាងត្បូងអាចប្រើប្រាស់AIបានកាន់តែងាយស្រួល ដើម្បីបង្កើនភាពខ្លាំងនៃវិស័យអប់រំ សុខាភិបាល កសិកម្ម ហើយជាពិសេសប្រព័ន្ធការគ្រប់គ្រងគ្រោះមហន្តរាយដែលនឹងផ្តល់ផលវិជ្ជមានកាន់តែច្រើនដល់ការលើកកម្ពស់សេវាសាធារណៈដោយយកផលប្រយោជន៍ប្រជាជនជាស្នូលស្របតាមចក្ខុវិស័យនៃទស្សនវិជ្ជារបស់លោក Xi Jinping។ ក្នុងន័យប្រកបដោយប្រត្យក្សភាពនេះ «គំនិតផ្តួចផ្តើមអភិបាលកិច្ចAIសកល»ដែលបានផ្តួចផ្តើមដោយប្រទេសចិននឹងបន្តគាំទ្រតួនាទីរបស់អង្គការសហប្រជាជាតិ និងការស្នើបង្កើតអង្គការសហប្រតិបត្តិការAIពិភពលោក ដោយផ្សារភ្ជាប់ជាមួយគោលបំណងរួមក្នុងការបង្កើតបទដ្ឋានរួមសម្រាប់ការអភិវឌ្ឍAIដើម្បីទប់ស្កាត់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងទិសដៅដែលអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខ សិទ្ធិមនុស្ស និងស្ថិរភាពអន្តរជាតិ។
ជាកម្លាំងរួមគ្នា សន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតឆ្នាំ២០២៦ មិនមែនជាវេទិកាបង្ហាញសមិទ្ធផលបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាជាវេទិកាសំខាន់សម្រាប់កំណត់ទិសដៅអនាគតនៃអភិបាលកិច្ចAIសកល។ ទស្សនវិជ្ជារបស់លោក Xi Jinping ដែលផ្តោតលើការអភិវឌ្ឍAIប្រកបដោយសុវត្ថិភាព យុត្តិធម៌ ការបើកចំហ និងផលប្រយោជន៍រួម សង្កត់ធ្ងន់ថា បច្ចេកវិទ្យាគួរតែបម្រើមនុស្សជាតិ មិនមែនបង្កើតការបែងចែក ឬបង្កើនគម្លាតអភិវឌ្ឍន៍នោះទេ។ ទស្សនវិជ្ជានេះជាគឺជាប្រាជ្ញាចិនដែលឆ្លុះបញ្ចាំងពីការលើកកម្ពស់ពហុភាគីនិយម
ដែលផ្តល់កាលានុវត្តភាពឱ្យប្រទេសទាំងអស់មានសិទ្ធិចូលរួមកំណត់ច្បាប់ និងគោលការណ៍សម្រាប់រួមគ្នាក្នុងការគ្រប់គ្រងAI ដោយមិនមែនទុកឱ្យប្រទេសមហាអំណាច ឬក្រុមហ៊ុនបច្ចេកវិទ្យាធំៗណាមួយជាអ្នកសម្រេចតែឯកឯងនោះទេ ដែលនេះបង្ហាញយ៉ាងច្បាស់ពីជំហរបើកចំហរបស់ប្រទេសចិនក្នុងការកសាងស្ពានសហប្រតិបត្តិការឆ្លងប្រទេស ចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ ផ្លាស់ប្តូរបច្ចេកវិទ្យាទំនើប និងសម្រេចបាននូវផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងឆ្លុះបញ្ចាំងពីការទទួលខុសត្រូវខ្ពស់របស់ប្រទេសចិនក្នុងការជំរុញការកសាងសហគមន៍ដែលមានអនាគតរួមនៃមនុស្សជាតិ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន
អត្ថបទដោយ៖ kloem-news