ច្បាប់កាតព្វកិច្ចយោធា ត្រូវបានរដ្ឋសភាអនុម័តជាផ្លូវការ លើសេចក្តីព្រាងច្បាប់នេះដោយសំឡេងគាំទ្រទាំងស្រុង

 សង្គម
 0 ម៉ោងមុន
 13

(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្រេច​អនុ​ម័ត​ជាផ្លូវការលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដោយសំឡេងគាំទ្រទាំងស្រុង ពោលគឺគាំទ្រ ១១៤ លើ១១៤ សំឡេង។
ក្រោយសម្រេចអនុម័ត សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភាជាតិ ពិភាក្សា និងអនុម័តបន្ត។
សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» មាន៨ជំពូក និង ២០មាត្រា ត្រូវបានរាជរដ្ឋា​ភិបាលកម្ពុជា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន ដោយកែសម្រួលរយៈពេល ១៨ខែ កែទៅរយៈពេល២៤ ខែវិញ ដូចការអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន ហើយប្រជា​ពល​រដ្ឋខ្មែរទាំង២ភេទ មានអាយុ ១៨ឆ្នាំដល់ ២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា។ ការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។
តាមផែនការសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» នឹងចាប់ផ្ដើមអនុវត្តនៅ​ឆ្នាំ​២០២៦នេះ ហើយការចុះឈ្មោះនឹងចាប់ពីយុវជនមានអាយុ ១៧ឆ្នាំ ចំពោះអ្នកមិនជាប់​កាតព្វកិច្ចយោធាមាន ព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ប្រជាពលរដ្ឋមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ ) ប្រជាជាពលរដ្ឋមិនមានកាយសម្បទាគ្រប់គ្រាន់។
រាជរដ្ឋាភិបាលកម្ពុជា យល់ថាការកែសម្រួលច្បាប់ថ្មីនេះ នឹងងាយស្រួលក្នុងការរើសកងទ័ព ដែលអាចជ្រើសរើសចេញពីអ្នកដែលចូលទៅបំពេញកាតព្វកិច្ចយោធា។ចំណែកអ្នកមិនត្រូវបានជ្រើសរើស ក៏អាចចូលទៅក្នុងសង្គម ដែលយ៉ាងហោចណាស់ក៏គាត់ជាមនុស្សដែលបានអប់រំ បណ្តុះបណ្តាល មានវិន័យ ហើយបើសិនជាពលរដ្ឋមិនបានបណ្តុះបណ្តាលតាមរយៈការបំពេញកាតព្វកិច្ចយោធាទេ នោះគាត់អាចជាមនុស្សផ្សេង ដែលបង្កបញ្ហាដល់សង្គមជាដើម៕

អត្ថបទដោយ៖ kloem-news