ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦

សម្រាប់ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូនឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងក្នុងសប្តាហ៍នេះដែលមានដូចតទៅ៖
ទី១៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចថា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ឬជាភាសាអង់គ្លេសហៅថា Compulsory Conciliation ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។ នេះជាការប្រកាសឱ្យដឹងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈសារផ្ញើជូនប្រជាពលរដ្ឋ កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីគណៈរដ្ឋមន្ត្រីថៃអនុម័តដកខ្លួនពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឬហៅកាត់ថា MOU-2001 ឬភាគីថៃហៅថា MOU-44។
សម្តេចបន្តថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគីក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ដូច្នេះ ការសម្រេចចិត្តរបស់កម្ពុជាឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ដែលប្រទេសទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ យូរអង្វែង និងស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីររស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ។
ទី២៖ ប្រធានបេសកកម្មនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ថ្មីប្រចាំកម្ពុជាមកពីហ្វីលីពីន គឺឧត្តមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន(GLENN Z DIZON)បានអញ្ជើញមកដល់កម្ពុជាកាលពីរសៀលថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦។ ដំណើរមកដល់កម្ពុជារបស់ប្រធានបេសកកម្មនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន និងនាយទាហានហ្វីលីពីន៣រូបផ្សេងទៀតបានធ្វើឡើង គឺបន្ទាប់ពីការផ្ទេរនិងប្រគល់ភារកិច្ចដឹកនាំពីប្រទេសម៉ាឡេស៊ីមកកាន់ហ្វីលីពីន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្រោមអធិបតីភាពរបស់អគ្គមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ។ ប្រធានបេសកកម្មនៃក្រុមអ្នកសង្កេតការណ៍អាស៊ានថ្មីហ្វីលីពីនប្រចាំកម្ពុជា បានសន្យាថា ក្នុងអាណត្តិបេសកកម្មរបស់លោក លោកនឹងបន្តខិតខំបំពេញការងារឱ្យសកម្ម និងប្រកបដោយអព្យាក្រឹត្យភាព ដោយមិនឱ្យមានភាគីណារំលោភទៅភាគីណាឡើយ ជាពិសេសលោកនឹងបង្កើនថែមទៀតនូវការល្បាតនៅតំបន់ព្រំដែនដែលមានជម្លោះ។
ទី៣៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងដំណោះស្រាយស្តីពីតំបន់ដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ ក្រោយពេលភាគីថៃលុបចោល MOU-2001 ជាឯកតោភាគី។ បន្ថែមពីលើនេះ សម្តេចតេជោបានបញ្ជាក់ថា មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU-2001 នោះឡើយ ពោលគឺត្រូវធ្វើដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តងទើបអាចដោះស្រាយបញ្ហាដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ដូចដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីបានលើកឡើង។ ស្របពេលជាមួយគ្នាដែរ ស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍គាំទ្រពេញទំហឹង ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រនេះដែរ។
ទី៤៖ ភ្លាមៗក្រោយពីការសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃក្នុងការបញ្ចប់ជាឯកតោភាគីពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ ទាក់ទងនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ឬហៅថា MOU-2001 ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តាមរយៈលោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានធ្វើបទបង្ហាញជូនតំណាងស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជា ដោយជម្រាបជូនអំពីការខកចិត្តរបស់កម្ពុជាចំពោះការលុបចោល MOU-2001 ពីសំណាក់ភាគីថៃ និងការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំក្រោមអនុសញ្ញា UNCLOS។
ទី៥៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអំពាវនាវឱ្យមានការអនុវត្ដដោយពេញលេញភ្លាមៗ និងទាំងស្រុងនូវសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដោយត្រូវចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យារពេលបន្តទៀត។ ការលើកឡើងបែបនេះបានធ្វើឡើងក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីបញ្ចប់កិច្ចប្រជុំត្រីភាគី (កម្ពុជា ហ្វីលីពីន និងថៃ) នៅឯកោះសេប៊ូ ប្រទេសហ្វីលីពីន ទីដែលមេដឹកនាំអាស៊ានចូលរួមប្រជុំកំពូលអាស៊ានដែលមានហ្វីលីពីនជាម្ចាស់ផ្ទះ។
កិច្ចប្រជុំត្រីភាគីនេះបានពិភាក្សាអំពីការចាប់ផ្ដើមឡើងវិញ នូវរាល់យន្ដការដែលមានស្រាប់ ជាពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC), គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ប្រទសថៃបានចាប់ផ្ដើមអនុវត្ដការងាររបស់ខ្លួនបានយ៉ាងពេញលេញរួចមក។ សម្តេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមជឿជាក់ថា យន្តការនេះ គឺពិតជាចាំបាច់ក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (faits accomplis) និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរព ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយកម្ពុជាសូមរម្លឹកឡើងវិញថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits accomplis) នោះទេ៕
សូមអរគុណ!
អត្ថបទដោយ៖ kloem-news