ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍វិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ៖
ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន តបតាមការអញ្ជើញរបស់ ប្រធានាធិបតី ហ្វីលីពីន និងជាប្រធានប្តូរវេនអាស៊ាន ឆ្នាំ២០២៦។ អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានឯកឧត្តមឧបនាយរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងតំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។
ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” កិច្ចប្រជុំកំពូលនឹងផ្តល់វេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ានដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និងមាគ៌ាឆ្ពោះទៅមុខដោយផ្តោតលើ៖ ១-ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២-ស្ថិរភាពសន្តិសុខស្បៀង ៣-សុវត្ថិភាពនៃពលរដ្ឋអាស៊ាននិងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយប្រកបដោយសន្តិភាព វិបុលភាព បរិយាបន្ន និងភាពធន់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក ក៏ដូចជាផលប្រយោជន៍រួម។
ទី២៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចថា នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ឬជាភាសាអង់គ្លេសហៅថា Compulsory Conciliation ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។ នេះជាការប្រកាសឱ្យដឹងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈសារផ្ញើជូនប្រជាពលរដ្ឋ កាលពីល្ងាចថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីគណៈរដ្ឋមន្ត្រីថៃអនុម័តដកខ្លួនពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ ឬហៅកាត់ថា MOU-2001 ដែលភាគីថៃហៅថា MOU-44។ សម្តេចបន្តថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគីដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។
ដូច្នេះ ការសម្រេចចិត្តរបស់កម្ពុជាឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ដែលប្រទេសទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ យូរអង្វែង និងស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតឱ្យប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ។ សម្តេចធិបតីបញ្ជាក់ថា ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាគ្មានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលបង្កើតឡើងក្រោមអនុសញ្ញានេះឡើយ។
ទី៣៖ ក្រសួងការពារជាតិកម្ពុជា នារសៀលថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ បានទទួលស្វាគមន៍ដំណើរអញ្ជើញមកដល់របស់ឧត្តមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន (GLENN Z DIZON) ប្រធានបេសកកម្មនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ថ្មីប្រចាំកម្ពុជា។ ដំណើរមកដល់កម្ពុជារបស់ប្រធានបេសកកម្មនៃក្រុមអ្នកសង្កេតការណ៍អាស៊ាន និងនាយទាហានចំនួន៣រូបផ្សេងទៀត នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន បានធ្វើឡើងគឺបន្ទាប់ពីការផ្ទេរនិងប្រគល់ភារកិច្ចដឹកនាំពីប្រទេសម៉ាឡេស៊ីមកកាន់ហ្វីលីពីន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីន ក្រោមអធិបតីភាពរបស់អគ្គមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ។
កម្ពុជាសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងសូមកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមអ្នកសង្កេតការណ៍ហ្វីលីពីន ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញតួនាទី ក្នុងនាមប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឆ្នាំ២០២៦ បន្តពីម៉ាឡេស៊ី ដោយអនុលោមតាមស្មារតីសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ បេសកកម្មរបស់ AOT គឺដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពដើម្បីលើកកម្ពស់តម្លាភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជានិងថៃ ឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។
សូមបញ្ជាក់ជូនឡើងវិញថា កម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងដទៃទៀត។ កម្ពុជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងផ្តល់សារៈសំខាន់មិនអាចខ្វះទៅលើការពង្រឹងតួនាទី និងអាណត្តិរបស់ AOT៕
សូមអរគុណ!
អត្ថបទដោយ៖ kloem-news