ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី និងអ្នកឧកញ៉ាបណ្ឌិត ជា រតនា ចុះសួរសុខទុក្ខ និងនាំយក ថវិកា ព្រមទាំងសម្ភារៈមួយចំនួន ជួយដល់សមាគមស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារ ស្ថិតក្នុងខេត្តកណ្តាល

 សង្គម
 3 ថ្ងៃមុន
 197
ខេត្តកណ្ដាល៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី ហៀក រតនា អមដំណើរដោយថ្នាក់ដឹកនាំ មន្រ្តីរាជការនៃ គ.ស.ម.ក. និងឯកឧត្តម លោកជំទាវ លោក លោកស្រីជាសប្បុរសជន នៅព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៥ បានចុះទៅសួរសុខទុក្ខ សំណេះសំណាល និងនាំយកថវិកា គ្រឿងឧបភោគបរិភោគមួយចំនួនទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ដែលមានទីតាំងក្នុងភូមិជើងកើប ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ថវិកានិងគ្រឿងឧបភោគបរិភោគដែលយកទៅប្រគល់ជូននេះ បានមកពីអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី ហៀក រតនា ព្រមទាំង លោកកជំទាវ ខៀវ បុប្ជាផល ឥត សារ៉ាត់ ឯកឧត្តម លោកជំទាវ លោក លោស្រី និងគណៈកម្មាធិការសិទ្ធិមនុស្សផងដែរ ដែលថវិកាសរុបប្រមាណ២២លានរៀល។ សូមបញ្ជាក់ជូនថា នេះជាលើកទី៤ហើយ ដែលឯកឧត្តមទេសរដ្ឋមន្រ្តី បានដឹកនាំ និងនាំយកថវិកានិងគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនសមាគមនេះដោយផ្ទាល់ ដើម្បីជាការរួមចំណែកជួយសម្រាលបន្ទុករបស់សមាគមផង ហើយក៏ក្នុងគោលបំណងដើម្បីធានាដល់ការទទួលបានសិទ្ធិសេរីភាពជាមូលដ្ឋាននានារបស់កុមារដែលកំពុងរស់នៅទីនោះផងដែរ។ ជាងនេះទៅទៀតនាពេលកន្លងមក ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភអង្ករចំនួន១៥០គីឡូក្រាមក្នុងមួយខែជារៀងរាល់ខែដល់សមាគមនេះ ពោលគឺចាប់តាំងពីខែមីនាឆ្នាំ២០២៣ មកម៉្លេះ។ ទំនាក់ទំនងរវាង គ.ស.ម.ក. និងសមាគមនេះ ផ្ដើមចេញពីការងារការពារសិទ្ធិរបស់កុមារដែលប្រឈមនឹងបញ្ហាផ្សេងៗ ហើយពួកគេគ្មានសាច់ញាតិនិងគ្មានទីពឹង ទើប គ.ស.ម.ក. ខិតខំស្វែងរកទីកន្លែងស្នាក់នៅដែលពួកគេអាចរស់នៅបាន និងអាចមានអនាគតល្អទៅថ្ងៃខាងមុខ។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានទឹកចិត្តសប្បុរធម៌ និងជួយដល់ក្មេងកំព្រាគ្មានទីពឹង។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានសម្ដែងនូវការកោតសរសើរដល់សមាគម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់កុមារ ជាពិសេស សិទ្ធិសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត រួមទាំងសិទ្ធិទទួលបានការអប់រំ ជាដើម។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសាទរចំពោះការគ្រប់គ្រងប្រកបដោយភាពត្រឹមត្រូវ មិនមានការរំលោភបំពានដល់សិទ្ធិកុមារដែលរស់នៅទីនោះឡើយ។ លើសពីនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ក្នុងករណីកុមាររស់នៅទីនេះមានបញ្ហាសុខភាពអាចទំនាក់ទំនងមកក្រុមការងារ គ.ស.ម.ក. ដើម្បីជួយអន្តរាគមន៍ក្នុងការនាំយកកុមារទៅកាន់មន្ទីរពេទ្យឱ្យទាន់ពេលវេលា។ ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្ដាំផ្ញើដល់គណៈគ្រប់គ្រងនិងបុគ្គលិកសមាគមទាំងអស់ឱ្យបន្ដយកចិត្តទុកដាក់មើលថែទាំកុមារ និងត្រូវចៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើមិនគប្បី ឬការរំលោភបំពានណាមួយទៅលើសិទ្ធិរបស់ពួកគេ។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ឱ្យចូលរួមឧបត្ថម្ភគាំទ្រដល់សមាគមនេះ ក៏ដូចជាមណ្ឌលកុមារកំព្រាផ្សេងៗទៀត ដែលជាកាយវិការមួយប្រកបដោយស្មារតីមនុស្សធម៌ វប្បធម៌ចែករំលែក និងជាការចូលរួមការលើកកម្ពស់សិទ្ធិកុមារ៕

អត្ថបទដោយ៖ kloem-news